ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកំពង់ឆ្នាំងមិនតិចគ្រួសារនោះទេ ដែលរងគ្រោះដោយទឹកជំនន់
ខេត្តកំពង់ឆ្នាំង ៖ មកដល់ពេលនេះប្រជាពលរដ្ឋចំនួន៣៩០គ្រួសារ បានរងការប៉ះពាល់ ។ ដោយឡែកប្រជាពលរដ្ឋចំនួន៥០០គ្រួសារបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងស្នាក់នៅតាមផ្ទះរបស់បងប្អូន ដោយសារស្ថានភាពទឹកជំនន់កាន់តែឡើងខ្ពស់ ។
នេះជារបាយការរបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។ ទាក់ទងនឹងស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ឆ្នាំងលោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅក្នុងរបាយការណ៍ចុះថ្ងៃទី២០ ខែកញ្ញា នៅក្នុងខេត្តកំពង់ឆ្នាំងមានស្រុកចំនួន០៦ ឃុំសង្កាត់ចំនួន១៦ និងភូមិចំនួន២៩ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ក្នុងនោះមាន ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន៣៩០គ្រួសារ ស្មើនឹង១៦៨៥នាក់ ។
ដោយឡែកនៅប្រជាពលរដ្ឋចំនួន២៣១គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋចំនួន២៦៩គ្រួសារផ្សេងទៀតបានចាកចេញទៅរស់នៅតាមផ្ទះបងប្អូន ។ លោកបានបន្តថា នៅក្នុងផលប៉ះពាល់នៃទឹកជំនន់ខាងលើនេះ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានឆ្លើយតបផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋបានចំនួន២៤៨គ្រួសារ ស្មើនឹងចំនួនមនុស្ស១.១០១នាក់ និងចំពោះប្រជាពលរដ្ឋចំនួន២៦២គ្រួសារទៀត គឺស្មើនឹងមនុស្សចំនួន៥៨៤នាក់ទៀត សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងកំពុងស្វែងរកស្បៀងអាហារ ដើម្បីធ្វើការចែកជូន និងសង្គ្រោះដល់ពួកគាត់នៅក្នុងពេលខាងមុខដ៏ខ្លីនេះ ។
ចំពោះគ្រោះទឹកជំនន់ខាងលើនេះដែរអាជ្ញាធរខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ដែលរស់នៅតាមដងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតាមដានស្ថានភាពទឹកជំនន់ឲ្យបានជាប់ជាប្រចាំនឹងធ្វើការជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឱ្យបានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះបាត់បង់ជីវិត និងដាច់បាយដោយសារ ការមិនយកចិត្តទុកដាក់របស់អាជ្ញាធរនោះឡើយ ។
សម្រាប់ក្រុងកំពង់ឆ្នាំងវិញនៅកំពង់ផែថ្មីក្នុងភូមិចុងកោះនៅចំណុចផ្លូវកៅស៊ូក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងវិញបានលិចជាបណ្តើរហើយតាមការប្រមាណទឹកបានឡើងកម្ពស់ជាង០,១០ម៉ែត្រជារៀងរាល់ថ្ងៃ ហើយទម្រាំដល់ចេញវស្សាទឹកនឹងឡើងខ្ពស់ជាងនេះ ឬអាចដល់កម្ពស់ប្រកាសអាសន្ន ។
យោងរបាយការរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៨ ទឹកនៅស្ថានីយឧតុនិយមមាត់ទន្លេផ្សារក្រោមទឹកមានកម្ពស់១០,៤២ម៉ែត្រ បើប្រៀបធៀបនឹងឆ្នាំ២០១៧ ក្នុងថ្ងៃខែដូចគ្នានេះ ទឹកមានកម្ពស់៨,៩០ម៉ែត្រ ។ សម្រាប់ខេត្តកំពង់ឆ្នាំងកម្ពស់ទឹកត្រូវប្រកាសអាសន្នមានកម្ពស់១១ម៉ែត្រ ៕ប្រភព៖ កោះសន្តិភាព
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកំពង់ឆ្នាំងមិនតិចគ្រួសារនោះទេ ដែលរងគ្រោះដោយទឹកជំនន់
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
September 20, 2018
Rating:
No comments: