ទណ្ឌិតជាង៣០០នាក់ស្នើសុំលើកលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ ៖
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតជាង៣០០នាក់
មកពីមណ្ឌលអប់រំកែប្រែចំនួន៤ បានស្នើសុំមកគណៈកម្មការថ្នាក់ជាតិពិនិត្យ
និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំលើកលែង និងបន្ធូរបន្ថយទោស
ដើម្បីសុំលើកលែង
និងបន្ធូរបន្ថយទោសក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។
លោក ជិន ម៉ាលីន
បានឲ្យដឹងនៅថ្ងៃទី០២ ខែតុលានេះ ពេលនេះគណៈកម្មការថ្នាក់ជាតិពិនិត្យ
និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតកំពុងតែពិនិត្យមើលសំណើរស្នើសុំលើកលែង
និងបន្ធូរបន្ថយទោសចំនួន៣១៩នាក់ ស្រី១៣៣នាក់
មកពីមណ្ឌលអប់រំកែប្រែចំនួន៤ និងពន្ធនាគាររាជធានីខេត្តផ្សេងទៀត ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានលើកឡើងថា
ទណ្ឌិតដែលស្នើមកគណៈកម្មការថ្នាក់ជាតិនេះមានចម្រុះទណ្ឌិត ប៉ុន្តែតាមគោលការណ៍ផ្នែកមនុស្សធម៌ក្រុមគោលដៅដែលនឹងទទួលបានការលើកលែង
និងបន្ធូរបន្ថយទោសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះភាគច្រើន
គឺជាស្ត្រីមានផ្ទៃពោះស្ត្រីមានកូននៅជាមួយ ក្នុងពន្ធនាគារចាស់ជរា និង
អ្នកជំងឺនៅក្នុងពន្ធនាគារជាដើម ។ ក្រៅពីនេះ
គឺអ្នកទោសដែលបានកែប្រែខ្លួននៅក្នុងពន្ធនាគារតាមរយៈការវាយតម្លៃពីគណៈកម្មការថ្នាក់ខេត្តដល់ថ្នាក់ជាតិ
និងរយៈពេលនៃការអនុវត្តទោសរបស់ពួកគេ ។
យ៉ាងណាក្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌មិនទាន់បញ្ជាក់ថា
មានទណ្ឌិតចំនួនប៉ុន្មានត្រូវលើកលែង និងបន្ធូរបន្ថយទោសនោះទេ
ដោយចាំការពិនិត្យសម្រេចរបស់គណៈកម្មការថ្នាក់ជាតិ
រួចធ្វើរបាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី
ដើម្បីស្នើសុំព្រះមហាក្សត្រឡាយព្រះហត្ថលេខា ។
លោកបញ្ជាក់ថា៖ «អីញ្ចឹងទេ អ្នកដែលស្នើមក គឺចំនួនប៉ុណ្ណឹង
ក៏ប៉ុន្តែអ្នកដែលលើកលែង និងបន្ធូរបន្ថយទោសមានចំនួនប៉ុន្មាននោះទេ ។
អ្នកដែលបានលើកលែង
និងបន្ធូរបន្ថយទោសនឹងត្រូវពិចារណាតាមលក្ខខណ្ឌដែលច្បាប់បានកំណត់
និងវាយតម្លៃពាក់ព័ន្ធនឹងអត្តចរិកក្នុងការកែប្រែក្នុងពន្ធនាគារជាដើម»
។ អ្នកនាំពាក្យដដែលក៏បានឲ្យដឹងថា
គណៈកម្មការថ្នាក់ជាតិបានត្រួតពិនិត្យលើកសំណើរសុំលើកលែង
និងបន្ធូរបន្ថយទណ្ឌិត រួចហើយដូច្នេះលទ្ធផលនៃការលើកលែង
និងបន្ធូរបន្ថយទោសទណ្ឌិត គឺទាល់តែព្រះរាជក្រឹត្យចេញនោះបានដឹង ។
គួរជម្រាបជូនថា
កន្លងមកកម្ពុជាមានកម្មវិធីលើកលែង
និងបន្ធូរបន្ថយទោសប្រចាំឆ្នាំចំនួន៣ដងប៉ុណ្ណោះ
គឺនៅក្នុងពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ ពិធីបុណ្យអុំទូក
និងពិធីបុណ្យពិសាខបូជា ។ តែលោកជិន ម៉ាលីន បានអះអាងថា
អំណឹះតទៅកម្ពុជានឹងបន្ថែមឱកាសពិសេសៗផ្សេងទៀត ដើម្បីស្នើឲ្យមានការលើកលែង
និង បន្ធូរបន្ថយទោសដល់ទណ្ឌិតតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន
សែន ដូចជា នៅពេលខាងមុខនេះនឹងមានការស្នើសុំលើកលែងទោសដល់ទណ្ឌិតបន្ថែម
នៅក្នុងពិធីបុណ្យអុំទូក និងពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកាជាដើម ។ ទាក់ទិននឹងសំណើរលើកលែង
និងបន្ធូរបន្ថយទោសលោក អ៊ូ ច័ន្ទរ័ត្ន
អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ
កាលពីពេលថ្មីៗនេះបានអំពាវនាវឲ្យមានការលើកលែងទោសឬទម្លាក់បទចោទប្រកាន់លើសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានដែលកំពុងជាប់ពន្ធនាគារនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ
។
បើតាមលោក អ៊ូ
ច័ន្ទរ័ត្ន
យ៉ាងហោចណាស់មានមន្ត្រីថ្នាក់មូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន៦នាក់
ធ្លាប់កាន់តួនាទីចាប់ពីចៅសង្កាត់មេឃុំជំទប់ទី១រួមនឹងបេក្ខភាពក្រុមប្រឹក្សាស្រុក
និងក្រុមប្រឹក្សាឃុំសង្កាត់ ជាដើម កំពុងជាប់ឃុំនៅមុន
និងក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដាកន្លងមក ។
សូមជម្រាបថា
ជាគោលការណ៍ច្បាប់ទណ្ឌិតអាចស្នើសុំឱ្យមានការបន្ធូរបន្ថយ
និងលើកលែងទោសបានក្នុងលក្ខខណ្ឌដែលទណ្ឌិតនោះបានអនុវត្តទោស២ភាគ៣ត្រូវបានលើកលែងទោស
និងអនុវត្តទោសបាន១ភាគ៣បានបន្ធូរបន្ថយទោស ។
តាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧
និងលើកទិសដៅការងារឆ្នាំ២០១៨ បានបង្ហាញថា
អ្នកជាប់ឃុំនៅក្នុងពន្ធនាគារនៅកម្ពុជាឆ្នាំ២០១៧ មានចំនួន២៨,៤១៤នាក់ ក្នុងនោះ មានស្រី្ត២,៤៤៣នាក់ ។
ក្នុងចំណោមជនជាប់ឃុំទាំងអស់មានជាង៥១ភាគរយត្រូវបានចោទពីបទល្មើសគ្រឿងញៀនមានជាង១៨ភាគរយពីបទប្លន់
និងលួចមានស្ថានទម្ងន់ទោសមានជិត៨ភាគរយពីបទឃាតកម្ម និងមនុស្សឃាត,
មានជាង៧ភាគរយ បទរំលោភសេពសន្ថវៈ
និងបទល្មើសផ្សេងៗមានជាង១៣ភាគរយ ៕
ប្រភព៖ កោះសន្តិភាព
ទណ្ឌិតជាង៣០០នាក់ស្នើសុំលើកលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យភ្ជុំបិណ្ឌ
Reviewed by TKN Media (ពតំមានសង្គម សិល្បៈកម្សាន្ត និង កីឡា)
on
October 02, 2018
Rating:
No comments: